ថ្មីៗនេះក្រុមអ្នកជំនាញផ្នែកសុវត្ថិភាព AVG បានរកឃើញមេរោគ malware ថ្មីមួយអាចចម្លងខ្លួនចូលទៅស្មាតហ្វូន Android និងវាយប្រហារដោយមានសមត្ថភាពអាចធ្វើការខលទូរស័ព្ទចេញ និងអាចថតរូបបានទោះបីអ្នកបានបិទ (shut down) ទូរស័ព្ទហើយក៏ដោយ។
មេរោគទូរស័ព្ទថ្មីនេះ នឹងរាតត្បាតដល់ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ក្នុងរូបភាពដូចរៀបរាប់ខាងលើ។ នៅពេលអ្នកបិទទូរស័ព្ទ មេរោគនឹងធ្វើឲ្យមានទម្រង់មានចលនា (animation) នៅលើអេក្រង់ស្មាតហ្វូន និងប្រែទៅជាមានផ្ទៃពណ៌ខ្មៅ ប៉ុន្តែតាមពិតទូរស័ព្ទមិនត្រូវបានបិទនៅឡើយទេ ពោលគឺនៅបើក (On) ដដែល។
មេរោគ malware នេះអាចបង្កផលប៉ះពាល់ដូចជា អាចបញ្ជាទូរស័ព្ទឱ្យផ្ញើសាររបស់អ្នក ទៅកាន់បុគ្គលផ្សេងទៀត ថតសំឡេងខល ឬថតរូប កាន់តែវីវរនោះ គឺអាចធ្វើឲ្យទូរស័ព្ទរបស់អ្នកធ្លាក់ទៅក្នុងសភាពមិនមានសុវត្ថិភាព អាចត្រូវបានគេលួចយកព័ត៌មានសម្ងាត់ផ្សេងៗបាន។
អ្នកជំនាញសុវត្ថិភាព AVG បានដកស្រង់កូដ (code) យកមកបង្ហាញបានឱ្យដឹងនូវមុខងាររបស់ malware នេះព្រមទាំងឈ្មោះរបស់វាគឺ Android/PowerOffHijack.A។ យោងតាមក្រុមហ៊ុន AVG ឱ្យដឹងថា មេរោគ malware ថ្មីនេះ អាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការចាប់ពី Android 5.0 ចុះក្រោម ហើយម៉ាស៊ីនដែល root ទើបងាយស្រួលវាយប្រហារបាន។
អ្នកនាំពាក្យរបស់ AVG ឱ្យដឹងថា បច្ចុប្បន្នមាន device ប្រមាណ ១០០០០គ្រឿង (១ម៉ឺនគ្រឿង) កំពុងឆ្លងមេរោគ malware នេះ ជាពិសេសគឺឧបករណ៍ដែលត្រូវបានប្រើក្នុងប្រទេសចិនភាគច្រើន។ កម្មវិធីកម្ចាត់មេរោគ AVG ជំនាន់ចុងក្រោយអាចចាប់មេរោគ malware នេះបាន ប៉ុន្តែក្រុមហ៊ុននៅតែផ្ដល់ដំបូន្មានដល់អ្នកប្រើអាចដកថ្មចេញតែម្ដង ដើម្បីឱ្យប្រាកដថា ទូរស័ព្ទបានបិទយ៉ាងពិតប្រាកដ ជៀសវាងមេរោគ malware នៅតែដំណើរការបាន៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ mashable


0 comments:
Post a Comment