តើ iPhone និង​ទូរស័ព្ទ​ផ្សេងៗ​ទៀត​អាច​ឆ្លង​មេរោគ​ដូច​កុំព្យូទ័រ​ដែរ​ឬ​ទេ?

No Comments
មេរោគ​ទូរស័ព្ទប្រភព៖​ smartblog
សំណួរ​ថា​តើ ទូរស័ព្ទ​អាច​ឆ្លង​មេរោគ​ឬ​អត់? ចម្លើយ​យ៉ាង​ខ្លី​ គឺ​ឆ្លង ប៉ុន្តែ​វា​មាន​ការ​ស្មុគស្មាញ​ក្នុង​ការ​បក​ស្រាយ​បន្តិច។ កន្លង​ទៅ​មាន​ការ​ជជែក​គ្នា​ជុំវិញ​មេរោគ​ថា អាច​ឆ្លង​ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ ប៉ុន្តែ​ក្រោយ​ពី​ឆ្លង​ហើយ វា​ពុំ​ដំណើរការ ធ្វើ​ទុក្ខបុកម្នេញ​ដល់​ដំណើរការ​របស់​ទូរស័ព្ទ​ដូច​កុំព្យូទ័រ​ឡើយ ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ​ឧបករណ៍​ទាំង​ពីរ​នេះ​មាន​ភាព​​ខុស​គ្នា​។ រង់​ចាំ​ស្វែងយល់​ជាមួយ TheBNEWS ទាំង​អស់​គ្នា​ថា​តើ ការ​លើកឡើង​ខាង​លើ​ពិត​ជា​ត្រឹមត្រូវ ឬ​មួយ​យ៉ាងណា?


១) តើ​ទូរស័ព្ទ​អាច​ឆ្លង​មេរោគ​ដូច​កុំព្យូទ័រ​ឬ​ទេ? 

ពិត​ជា​អាច។ តាម​ពិត​ស្មាតហ្វូន​អាច​ឆ្លង​មេរោគ​បាន ហើយ​ភាគច្រើន​​រង​ឥទ្ធិពល​ពី​ Trojen និង​ប្រភេទ​មេរោគ malware ផ្សេង​ទៀត។ ដោយសារ​តែ​បែប​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទាំងឡាយ​មាន​ការ​ព្រួយបារម្ភ​​កន្លង​មក​។

លើក​ឧទាហរណ៍​ជាក់ស្ដែង កាល​ពី​សម័យ​ទូរស័ព្ទ Motorola ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Symbian គឺ​បាន​រង​ឥទ្ធិពល​ពី​មេរោគ​ទូរស័ព្ទ​មួយ​ឈ្មោះ​ថា “Hutchinson 3” ដែល​បាន​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដំណើរការ​យឺត រហូត​គាំង​ក៏​មាន។ ​នៅ​ពេល​មេរោគ​ចេញ​អុកឡុក​ដំបូង អ្នក​ប្រើ​ទូរស័ព្ទ​ជាច្រើន​មាន​ការ​ព្រួយបារម្ភ មិន​សូវ​ហ៊ាន​ប្រើ Bluetooth ផ្ទេរ​€កសារ ឬ​​មុខងារ GPS ទេ ព្រោះ​​ខ្លាច​​ឆ្លង​តាម​មុខងារ​ទាំង​នេះ​។ ក្រោយ​មកក៏​មាន មេរោគ​ទូរស័ព្ទ​​ជំនាន់​ថ្មី មាន​សមត្ថភាព​អាច​ស្វែងរក Bluetooth នៅ​ជិតៗ រួច​ផ្ញើ​ខ្លួន​ (​មិន​ត្រូវ​បាន​អត្តសញ្ញាណ​) ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​អ្នក​ដទៃ​ដោយ​ស្វ័យប្រវត្តិ។

និយាយ​រួម មេរោគ​ទូរស័ព្ទ​គឺ​មាន ហើយ​បើ​សួរ​ថា តើ​ឆ្លង​ឬ​អត់ ចម្លើយ​គឺ​ឆ្លង។ តើ​ក្រោយ​ពី​ឆ្លង វា​អាច​ប៉ះពាល់​ដល់​ទូរស័ព្ទ​ឬ​អត់ ចម្លើយ​គឺ​មិន​ទាំង​អស់​ទេ ពោល​អាស្រ័យ​ដោយ​ប្រភេទ​មេរោគ​ដែល​គេ​បង្កើត​សម្រាប់​រាតត្បាត​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ណាមួយ។ មូលហេតុ​ដែល​នាំ​ឱ្យ​ឆ្លង គឺ​មាន​កត្តា​ផ្សេងៗ​គ្នា ហើយ​ក្នុង​នោះ​មាន​ដូច​ជា ការ​ប្រើ​កុំព្យូទ័រ​បញ្ចូល​បទ​ចម្រៀង​តាម​ខ្សែ ឬ​អាច​ឆ្លង​តាម Bluetooth។ ដើម្បី​សរសេរ​មេរោគ​ទូរស័ព្ទ​ និង​អាច​ឱ្យ​វា​ដំណើរការ​បាន តម្រូវ​ឱ្យ​គេ​យល់​ដឹង​អំពី​ភាសា​កូដ​សរសេរ​កម្មវិធី និង​យល់​ដឹង​ពី​ដំណើរការ​របស់​ប្រព័ន្ធ​មួយ​ចំនួន​​​ដូច​ជា៖ Symbian, iOS, Windows Phone និង Android ជាដើម។

​តើ​ហេតុអ្វី​មេរោគ​កុំព្យូទ័រ​មាន​ច្រើន​ជាង​មេរោគ​ទូរស័ព្ទ? ចម្លើយ​គឺ​ដោយសារ ការ​សរសេរ​មេរោគ​ទូរស័ព្ទ មាន​ភាព​ពិបាក​ជាង​កុំព្យូទ័រ​ដែល​ប្រើ Windows OS ម្យ៉ាងទៀត​ដោយ​ការ​សម្លឹង​ផល​ប្រយោជន៍​លើ​ការ​បង្កើត​មេរោគ​កុំព្យូទ័រ​ដើម្បី hack យក​ទិន្នន័យ​អ្នក​ប្រើប្រាស់ ល្អ​ជាង​ការ​បង្កើត​មេរោគ​ទូរស័ព្ទ។ នេះ​ក៏​អាច​ជា​ហេតុផលមួយ​ឆ្លើយតប​ទៅ​នឹង​​សំនួរ តើ​ហេតុអ្វី​បាន​ជា​កុំព្យូទ័រ​ប្រឈម​នឹង​ការ​វាយប្រហារ​ពី hacker ជាង​ទូរស័ព្ទ​ដែល​ប្រើ iOS និង Android។ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់ Hacker បច្ចុប្បន្ន​គឺ Windows បន្ទាប់​មក Lunux, Unix និង Mac OS។


២) តើ Smartphone ត្រូវការ​ចាំបាច់​នូវ​កម្មវិធី​កម្ចាត់​មេរោគ​ឬ​ទេ?

ដោយ​សារ​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ផលិត​ដោយ​បំពាក់​មុខងារ​ច្រើន​សម្បូរ​បែប ក្លាយ​ជា​ស្មាតហ្វូន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទំនើប ដូច្នេះ​អ្នក​សរសេរ​មេរោគ​មួយ​ចំនួន​ដែល​បាន​សិក្សា​ពី​ដំណើរការ​របស់​ប្រព័ន្ធ​បាន​ច្បាស់ បាន​សរសេរ​ប្រភេទ​មេរោគ​សម្រាប់​អុកឡុក​ដល់​ស្មាតហ្វូន​ច្រើន​ជាង​ទូរស័ព្ទ​ស៊េរី​ទាប​វិញ​ម្ដង។ ឥទ្ធិពល​នៃ​មេរោគ​លើ​ស្មាតហ្វូន​មាន​ដូច​ជា៖

– ផ្ញើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​នរណាម្នាក់​ដែល​មិន​ស្គាល់

– ប្រើ​ល្បិច​បោកប្រាស់​ផ្សេងៗ​ដើម្បី​លួច​យក​ព័ត៌មាន​ទាក់ទិន​ហិរញ្ញវត្ថុ ដូច​ជា​លេខ​គណនី និង​កាល​បរិច្ឆេទ​ជាដើម រួច​ហើយ​ផ្ញើ​សារ​ទៅ hacker តាម​សេវា​អ៊ីនធឺណិត

– ផ្ញើ​សារ​ទូរស័ព្ទ (SMS) ទៅ​លេខ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​បញ្ជី​លេខ​ទំនាក់ទំនង (Contact) ធ្វើ​ឱ្យ​អស់​លុយ​ឥត​ប្រយោជន៍ ឬ​បិទ​ (block) មិន​ឱ្យ​ផ្ញើ​សារ​​ចេញ

– តាមដាន​​ការ​ខល​ទូរស័ព្ទ និង​សារ (message) របស់​អ្នក

– នៅ​ពេល​ដោត​ជាមួយ​កុំព្យូទ័រ​អាច​ឆ្លង​ចូល និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ

– បង្ខំ​កម្មវិធី​ browser លើ​ទូរស័ព្ទ​ឱ្យ​ចូល​ទៅ​គេហទំព័រ​មេរោគ​ណាមួយ​ជាក់លាក់ និង​មាន​អការៈ​មួយ​ចំនួន​ទៀត។
ការ​ទាញ​យក​កម្មវិធី​ពី Store របស់​ក្រុមហ៊ុន​ធំៗ​ដូច​ជា App Store របស់ Apple និង Google Play របស់ Google គឺ​មាន​សុវត្ថិភាព​មិន​មាន​មេរោគ​នោះ​ទេ ដោយសារ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ app ទាំងឡាយ​របស់ Developer មុន​នឹង​ upload ឱ្យ​អ្នក​ប្រើ download។ ទោះជា​យ៉ាងណា ក៏​នៅ​មាន​ការ​ឆ្លង​តាម​តំណភ្ជាប់​ផ្សេងៗ ឬ​ឆ្លង​តាម​ការ​ផ្ទេរ​ទិន្នន័យ​ដែរ ដូច្នេះ​ការ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ជាជាង​គ្មាន។ កម្មវិធី Anti-virus សម្រាប់​ស្មាតហ្វូន​មាន​សមត្ថភាព​អាច​ការពារ​មិន​ឱ្យ​ឆ្លង ​spyware និង​មេរោគ​ផ្សេងៗ​ទៀត​បាន ហើយ​ក៏​អាច​ស្កេន​លើ​ឯកសារ​ដែល​ទាញ​យក(download) ពី​អ៊ីនធឺណិត​បាន​ដែរ។

TheBnews នឹង​លើក​យក​ដើមហេតុ​ធ្វើ​ឱ្យ​ស្មាតហ្វូន​អាច​ឆ្លង​មេរោគ​បាន និង​វិធីសាស្ត្រ​ទប់ស្កាត់​មិន​ឱ្យ​ឆ្លង ក៏​ដូច​ជា​ជួសជុល​ក្រោយ​មេរោគ​ឆ្លង​ចូល​ទូរស័ព្ទ​នៅ​ពេល​ក្រោយ។

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ cnet, edn

0 comments:

Post a Comment